កុមារកូនអ្នកក្រមានអត្រាស្លាប់ច្រើនជាងកូនអ្នកមាន៣ដង
វិធានការកាត់បន្ថយអត្រាមរណភាពកុមារថ្នាក់ជាតិ មិនត្រូវបានអនុវត្តព្រមៗគ្នា ក្នុងចំណោមក្រុមសង្គមសេដ្ឋកិច្ចទាំងអស់ឡើយ ហើយអត្រាកុមារ មកពីគ្រួសារកម្ពុជាក្រីក្របំផុត ២០ភាគរយ អាចរស់នៅលើសអាយុ៥ឆ្នាំ ហាក់ដូចជាមានអត្រាតិចជាង ៣ដង បើធៀបនឹងកុមារ ដែលមកពីក្រុមគ្រួសារជាអ្នកមានបំផុត ២០ភាគរយ។ នេះបើយោងតាមការព្រមានរបស់របាយការណ៍សកលថ្មីមួយនៃអង្គការក្រៅ រដ្ឋាភិបាល Save the Children។
របាយការណ៍ដែលគេឲ្យឈ្មោះថា “ឱកាសស្មើភាពគ្នា ដើម្បីរស់៖ មូលហេតុដែលវិសមភាពគឺជាបញ្ហានៃមរណភាពកុមារ” បានវែកញែកថា ប្រទេសកម្ពុជាអាចនឹងស្ថិតនៅលើគន្លងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សពាក់ព័ន្ធនឹងមរណភាពកុមារ បើសិនជាការផ្ដល់នូវសេវាសុខភាពកុមារ ត្រូវបានបង្កើនឡើងឲ្យមានភាពស្មើគ្នាជាងនេះនោះ។ ផ្ទុយទៅវិញ របាយការណ៍នេះបានលើកឡើងថា គម្លាតរវាងអត្រាកុមារ នៅរស់ក្នុងចំណោមកុមារក្នុងគ្រួសារអ្នកមាន និងអ្នកក្រហាក់ដូចជាមានការកើនឡើង។
យោងតាមរបាយការណ៍នោះការវិវត្តរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅមរណភាពកុមារ ដែលអំពាវនាវឲ្យអត្រានេះធ្លាក់ចុះ ២ភាគ៣ រវាងពីឆ្នាំ ១៩៩០ និង២០១៥ មានការធ្លាក់ចុះយឺតជាងអត្រាមធ្យម នៃប្រទេសកំពុងអភិវឌ្ឍន៍៣១ ផ្សេងទៀត ដែលត្រូវបានវាយតម្លៃ។ ប្រទេសកម្ពុជា ហាក់ដូចជាមានការយឺតយ៉ាវ បើធៀបនឹងប្រទេសនានា ដូចជាប្រទេសបង់ក្លាដេស ដែលបានសម្រេចកាត់បន្ថយអត្រាស្លាប់កុមារ ស្ទើរតែទ្វេដង និងដោយសមភាពជាងទោះបីជាប្រទេសនេះ មានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំទាបជាងកម្ពុជាក្ដី។
លោកស្រី អាណីកា រ៉ាប់បានី ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ Save the Children បានថ្លែងថា ការរីកចម្រើនក្នុងការកាត់បន្ថយអត្រាស្លាប់របស់កុមារ នៅប្រទេសបង់ក្លាដេស គឺកើតឡើងដោយសារតែការផ្ដល់ថ្នាំបង្ការ ការព្យាបាលជំងឺរាករូស ការរៀបចំផែនការគ្រួសារ ហើយប្រាកដណាស់ គឺការផ្ដល់អំណាចដល់ស្ត្រីដែលស្ថិតក្នុងចំណោមកត្តាដទៃទៀត។
ការិយាល័យអង្គការ Save the Children ក្នុងស្រុក និងនៅប្រទេសអង់គ្លេស មិនអាចទាក់ទងបានទេកាលពីថ្ងៃអង្គារ។
លោកស្រី វីរីកា ប៊ែរដាហ្គា ប្រធានកម្មវិធីសង្គ្រោះកុមារ នៃអង្គការយូនីសេហ្វកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារថា ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ និងផែនការដទៃទៀតរបស់រដ្ឋាភិបាលដែលលើកឡើងពាក់ព័ន្ធនឹងបញ្ហា សុខាភិបាល បញ្ជាក់យ៉ាងច្បាស់ថា សមភាព គឺជាគោលការណ៍នាំផ្លូវ។ លោកស្រីបានសង្កត់ន័យលើផែនការមួយដើម្បីពង្រីកថវិកាសម្រាប់អ្នកក្រ នៅទូទាំងប្រទេស និងបង្កើនសេវាកម្មនេះ នៅសហគមន៍ក្រីក្រ និងដាច់ស្រយាល។
លោកស្រី ប៊ែរដាហ្គា បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាល យកចិត្តទុកដាក់ លើបញ្ហានេះ។ ឧបសគ្គគឺនៅត្រង់ការប្រតិបត្តិគោលការណ៍នេះ ឧទាហរណ៍ដូចជាខ្វះបុគ្គលិកជំនាញ និងមានឧបសគ្គផ្នែកភូមិសាស្ត្រ”។
របាយការណ៍នេះត្រូវបានចេញផ្សាយ គាប់ជួននឹងកិច្ចប្រជុំកំពូលស្ដីពីគោលដៅអភិវឌ្ឍន៍សហស្សវត្សសម្រាប់ ឆ្នាំ ២០១០ ដែលនឹងប្រារព្ធធ្វើឡើងក្នុងខែនេះ នៅក្រុងញូវយ៉ក៕
Source: http://women.open.org.kh/km/mortality-rate-of-poor-children-three-times-more-than-rich-children
No comments yet.










