គ.ជ.ប ចាប់ផ្ដើមនីតិវិធីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១០
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានធ្វើការអំពាវនាវ ដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១០ឲ្យទៅដាក់ពាក្យសុំចុះឈ្មោះនៅ គ.ជ.ប។
លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសផ្សព្វផ្សាយតារាង ស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោត នៅទីស្ដីការ គ.ជ.ប កាលពីម្សិលមិញថា ការដាក់ពាក្យសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៥កញ្ញា ចំណែកតំណាងគណបក្សនយោបាយនៅថ្ងៃទី២៣ ខែកញ្ញានេះ។
លោក អ៊ឹម សួស្ដី ថ្លែងថា «យើងសង្ឃឹមថា ពួកគេនឹងយកចិត្តទុកដាក់ សហការល្អ ដើម្បីជំរុញឲ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០១០ ប្រព្រឹត្តទៅដោយជោគជ័យ»។
ការដាក់ពាក្យនឹងត្រូវធ្វើឡើងនៅគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ស្ថិតនៅក្នុងបរិវេណក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី៣ កញ្ញា។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ ខុម ហ្វ្រែល បានថ្លែងថា ការចូលរួមសង្កេតការណ៍ លើការចុះឈ្មោះឆ្នោតប្រចាំឆ្នាំ នឹងពុំសូវមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ទេ។ ប៉ុន្តែលោកថ្លែងថា «វាត្រូវបានគេចាប់អារម្មណ៍ខ្លាំង នៅពេលដែលការបោះឆ្នោតជិតចូលមកដល់ ដើម្បីធានាថា បញ្ជីចុងក្រោយសម្រាប់ការបោះឆ្នោត វាមានលក្ខណៈត្រឹមត្រូវដែរឬអត់»។
គ.ជ.ប នឹងផ្ដល់សុពលភាពនិងប្រកាសផ្សព្វផ្សាយ បញ្ជីបោះឆ្នោតឆ្នាំនេះ នៅថ្ងៃទី៣១ ខែធ្នូ ខណៈពេលដែលការចាប់ផ្ដើមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១តុលាដល់ថ្ងៃទី២០ខែតុលាផងដែរ៕
Source: http://women.open.org.kh/km/NEC-start-signature-election-2010
No comments yet.










