លោក ឯក សុនចាន់ ទទួលបានពានរង្វាន់ឧស្សាហកម្មទឹកស្អាត ប្រចាំឆ្នាំ២០១០
ប្រធានរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ លោក ឯក សុនចាន់ បានទទួលពានរង្វាន់ឧស្សាហកម្មទឹកស្អាតស្ដុកខ្លុម សម្រាប់ឆ្នាំ២០១០ពីប្រទេសស៊ុយអែត កាលពីថ្ងៃម្សិលមិញ។
លោក ឯក សុនចាន់ បានមានប្រសាសន៍ឲ្យដឹងថា លោកមានមោទនភាពណាស់ ដែលទទួលបានពានរង្វាន់នេះ សម្រាប់អង្គភាពរបស់លោក។ លោកលើកឡើងថា «យើងបានផ្ដល់ជាគំរូដ៏ល្អ សម្រាប់ការអភិវឌ្ឍន៍ប្រទេសដោយបានជួយធ្វើឲ្យការគិតរបស់ប្រទេស ដទៃ មកលើយើងមានភាពល្អប្រសើរជាលក្ខណៈអន្តរជាតិ បន្ទាប់ពីយើងបានរួចផុតពីសេចក្ដីវេទនា និងជំលោះផ្ទៃក្នុងអស់ជាច្រើនទសវត្សរ៍មក។
លោកមានប្រសាសន៍បន្តទៀតថា ពានរង្វាន់ ឧស្សាហកម្មទឹកស្អាតស្ដុកខ្លុម សម្រាប់ឆ្នាំ២០១០នេះបានធ្វើឲ្យអង្គភាពរបស់លោក អាចប្រៀបស្មើជាមួយអង្គភាព ឧស្សាហកម្មទឹកស្អាតលំដាប់ថ្នាក់ពិភពលោកដទៃទៀត ហើយរឹតតែជួយជំរុញឆន្ទៈរបស់លោកឲ្យកាន់តែខ្លាំងឡើង ក្នុងការសម្រេចឲ្យបានទៅតាមគោលដៅ នៅពេលអនាគត។
លោក ឯក សុនចាន់ បានឲ្យដឹងថា «ក្រុមការងាររបស់ខ្ញុំ ត្រូវបានលើកទឹកចិត្តដោយពានរង្វាន់ពិភពលោក ប្រកបដោយកិត្យានុភាពនេះ ដើម្បីឆ្ពោះទៅរកការបន្តបេសកកម្ម បង្កើនប្រសិទ្ធភាព និងធ្វើឲ្យប្រសើរឡើង នូវនិយតកម្មទឹក និងលទ្ធភាពចែកចាយទឹកស្អាត ទៅដល់ប្រជាជនក្រីក្រ»។
គណៈមេប្រយោគ ដែលសម្រេចផ្ដល់រង្វាន់អន្តរជាតិ បានវាយតម្លៃថា រដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ បានជោគជ័យ ក្នុងការលុបបំបាត់នូវអំពើពុករលួយ ដែលនេះបានជួយឲ្យមានភាពជោគជ័យក្នុងការអភិវឌ្ឍប្រទេស ឈរលើគំរូ ជាមូលដ្ឋានយ៉ាងសាមញ្ញប៉ុន្តែវិធីគ្រប់គ្រង មានប្រសិទ្ធភាពដោយពឹងផ្អែកទៅលើគោលការណ៍ យុទ្ធសាស្ត្រល្អ និងអាចទទួលយកបាន។ ក្រុមគណៈមេប្រយោគបានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ អាចជួយខ្លួនឯងបានគ្រប់គ្រាន់ ដោយអាចដំណើរការ បានដោយគ្មានប្រាក់ជំនួយពីរដ្ឋ។
មកដល់បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្គត់ផ្គង់សេវាកម្មទឹក២៤ម៉ោង លើ២៤ម៉ោង ហើយគ្របដណ្ដប់បាន៩០ភាគរយនៅទីក្រុងភ្នំពេញ ដែលមានប្រជាជនរស់នៅប្រហែល១លានបីសែននាក់ ហើយបានគ្រប់គ្រងតម្លៃរបស់ខ្លួនបានល្អប្រសើរខណៈពេលដែលអង្គភាព នៅតែបន្តអភិវឌ្ឍ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង។
ជ័យលាភីពានរង្វាន់ឧស្សាហកម្មទឹកស្អាតស្ដុកខ្លុម សម្រាប់ឆ្នាំ២០១០ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១០ ដោយមានបេក្ខជនចំនួន៦៤រូប មកពីបណ្ដាប្រទេសនានាចូលរួមប្រកួតយកពានរង្វាន់នេះ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ក្នុងគោលបំណងជំរុញលើកទឹកចិត្ត ឲ្យមានការដោះស្រាយបញ្ហាទឹកស្អាតសម្រាប់សាធារណជន នៅទូទាំងពិភពលោក៕
Source: http://women.open.org.kh/km/Eksokchan-recieve-award-for-clean-water
No comments yet.










